ជីវប្រវត្តិរបស់កុមារី រិទ្ធ សូនីតា

ស្តង់ដារ

140619181406_02

កុមារី រិទ្ធ សូនីតា បេក្ខភាព​កម្មវិធី “ផ្កាយ​រះ​ក្នុង​សួន” កាលពីឆ្នាំ ២០១៤ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​បន្ត​បន្ទាប់ ជា​មួយ​ការ​បញ្ចេញ​ទេពកោសល្យ​បក​ស្រាយ​បទ​ចម្រៀង ដោយ​ម្ដង​ច្រៀង​ជា​ភាសា​ខ្មែរ ម្ដង​ជា​ភាសា​ចិន​ជាមួយ​សំឡេង​ដ៏​ស្រួច​ស្រេះ។

បុរាណបានពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”មានន័យថា ប្រសិនបើឪពុកម្តាយ ជីដូនជីតា ធ្វើការងារ ឬក៏ប្រកបរបរអ្វី មួយនោះរមែងមានកូនចៅណាមួយកាត់តាមមិនខានឡើយ ។ ដូចជាកុមារីដែលជាម្ចាស់ពានរង្វាន់ចម្រៀងសម័យឆ្នាំ២០១៣ របស់ស្ថានីយទូរទស្សន៍ CTN រូបនេះមានឈាមជ័រជីតាជាអតីតអ្នកចម្រៀងកាលពីទសវត្សរ៍ឆ្នាំ១៩៧០នោះ បានបណ្តាលចិត្តរបស់ នាងឱ្យផ្តោត និងស្រឡាញ់វិស័យចម្រៀងសម័យតាំងតែដឹងក្តីរហូតបានក្លាយជាម្ចាស់ជ័យលាភី ។

កុមារី រិទ្ធ មានសូនីតា ទើបតែមាន វ័យ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានក្លាយជាម្ចាស់ ជ័យលាភីចម្រៀងសម័យនៅក្នុងកម្មវិធីប្រឡង ចម្រៀងកុមាររបស់ស្ថានីយទូរទស្សន៍ CTNកាល ពីឆ្នាំ២០១៣ ។ សូនីតា មានទេពកោសល្យច្រៀង យ៉ាងពិរោះក្រអៅក្រអួន និងពិសេសនោះគឺមាន សំនៀងស្រដៀងទៅហ្នឹងអ្នកចម្រៀងជាន់ដើម គឺអ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ។

លើកដៃអង្អែលក្បាលចៅស្រី លោក ឡុង សេងអួន វ័យ៦២ឆ្នាំ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បាន រៀបរាប់ថា ចៅរបស់ខ្ញុំនេះមានទេពកោសល្យ ខាងផ្នែកចម្រៀងសម័យតាំងពីគេទើបតែចេះ និយាយតតាក់តតុបមកម៉្លេះ ។ សព្វថ្ងៃចៅរបស់ ខ្ញុំកំពុងរៀននៅថ្នាក់ទី៤ នៅសាលាបឋមសិក្សា សម្តេច ហេង សំរិន ព្រែកហូរ ។ សម្លឹងមើល មុខចៅស្រីដោយក្តីអាណិត លោកតាប្រកប ដោយព្រហ្មវិហារធម៌រូបនេះបានរម្លឹក និង តំណាលអំពីជីវិត សូនីតា ថា សូនីតា ជាកូនស្រី ពៅក្នុងចំណោមបងប្អូនចំនួន៣នាក់(ប្រុស ម្នាក់) ។ នាងមានឪពុកឈ្មោះ រដ្ឋ សុវណ្ណរិទ្ធ និងម្តាយឈ្មោះ ឡុង សិរីរដ្ឋា ដែលត្រូវជាកូន ស្រីរបស់ខ្ញុំ តែពួកគេបានបែកបាក់គ្នាតាំងពី សូនីតា នាងនៅក្នុងផ្ទៃម្តាយបាន៣ខែម៉្លេះ ។

លោក ឡុង សេងអួន បានប្រាប់ឱ្យដឹងថា តាមពិតទៅ ចៅនេះវាកាត់មករកខ្ញុំ ព្រោះ កាលពីនៅកម្លោះក្នុងទសវត្សរ៍ទី៧០ ខ្ញុំក៏ជាអ្នក ចម្រៀងម្នាក់ដែរ ។ បន្ទាប់ពីរៀបការបានកូន ប្រុសស្រីពីរនាក់ និងមានផ្ទៃពោះ សូនីតា នៅ ក្នុងផ្ទៃនោះ កូនស្រី និងកូនប្រសារបស់ខ្ញុំក៏កើត មានទំនាស់ទាស់ទែងគ្នាជារើយៗ ដោយសារ តែប៉ារបស់ សូនីតា ចេះតែលួចលាក់មានស្រី ញីនៅខាងក្រៅ ហើយក្រោយមកជម្លោះនោះ ក៏ចេះតែរីកធំឡើងៗរហូតលះលែងគ្នា។ បន្ទាប់ ពីបែកបាក់គ្នា ប៉ារបស់ សូនីតា ក៏បានរៀបការ ប្រពន្ធថ្មីទៀត ។ លុះចៅអាយុបាន៣ឆ្នាំ ទំនងជា ឈឺចាប់ដោយសារអតីតស្វាមីធ្វើបាបនោះក៏បាន បណ្តាលឱ្យកូនស្រីរបស់ខ្ញុំខូចចិត្តក្លាយទៅជាស្រី ស្រឡាញ់ស្រីដូចគ្នា រួចក៏បានចុះចោលកូនទាំង ៣បាត់ស្រមោលឈឹងទៅ មិនដឹងជាទៅដល់ទី ណា ឬក៏ស្លាប់ និងរស់នោះទេ! ។

លោក សេងអួន បានបន្តថា ចៅស្រីរបស់ ខ្ញុំម្នាក់នេះ នាងមាននិស្ស័យស្រឡាញ់ចូលចិត្ត ចម្រៀងសម័យនេះតាំងតែពីនាងទើបតែចេះ និយាយតតាក់តតុបមកម៉្លេះ ។ ដោយឃើញចៅ មាននិស្ស័យដូច្នោះ ខ្ញុំក៏បានចាប់ផ្តើមបង្ហាត់ បង្រៀនចៅស្រីច្រៀងនៅពេលដែលនាងមាន វ័យ៥-៦ឆ្នាំ និងបានបញ្ជូនឱ្យទៅហាត់រៀន បន្ថែមជាមួយលោក ហួ ឡាវី ។ ចៅស្រីនេះ តាំងតែពីនាងចេះនិយាយមកម៉្លេះ គឺចូលចិត្ត ស្តាប់ចម្រៀងណាស់ ជាពិសេសបទជំនាន់ដើម របស់អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី រស់ សេរីសុទ្ធា ហើយអ្វីដែលជាចំណុចពិសេសនោះ គឺនាងច្រៀង ស្រដៀងទៅនឹងអតីតអ្នកចម្រៀងស្រីលំដាប់ជួរ មុខពីសម័យអតីតកាលស្ទើរតែបេះបិទ និងត្រូវ បានអ្នកផងហៅថា ជាអ្នកស្រី រស់ សេរីសុទ្ធា ឬ អ្នកស្រី ប៉ែន រ៉ន ចាប់ជាតិទៀតផង ។

លោក សេងអួន រំលឹកថា កាលពីអាយុ៥ ទៅ៦ឆ្នាំ សូនីតា នាងចេះច្រៀងបទចម្រៀងរបស់ អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី រស់ សេរីសុទ្ធា យ៉ាងស្ទាត់ជំនាញជិត៥០បទទៅហើយ ហើយ នៅពេលដែលម្តាយមីងរបស់នាងដែលត្រូវជា កូនស្រីពៅរបស់ខ្ញុំច្រៀងលេងគឺ សូនីតា ច្រៀង ត្រាប់តាមដែរ ។ នៅពេលដែលសង្កេតឃើញ និស្ស័យរបស់ចៅបែបនេះ ខ្ញុំក៏បានជំរុញចៅឱ្យ ចូលរួមប្រឡងចម្រៀងសម័យ ដែលមានបេក្ខជន ជាច្រើន និងទទួលបានជ័យលាភីលេខ១នៅ ស្ថានីយទូរទស្សន៍ជទណ ប្រចាំឆ្នាំ២០១៣ ហើយ បទដែលនាងបានលើកយកមកច្រៀងនោះគឺបទ “ឈប់ព្រួយទៅបង” របស់អ្នកស្រី ប៉ែន រ៉ន ។ ក្រោយពីការប្រឡងនៅ ជទណ នាងក៏បានដើរ ច្រៀងតាមកម្មវិធីផ្សេងៗមានដូចជា បុណ្យខួប កំណើត ជប់លៀង និងពិធីអាពាហ៍ពិពាហ៍ ជាដើម ។ ដោយឡែកចៅស្រីម្នាក់នេះក៏បានដាក់ ពាក្យប្រឡងជាបន្តបន្ទាប់ទៀតនៅក្នុងកម្មវិធី “សំនៀងចែងចាំង” ដែលរៀបចំឡើងដោយ ស្ថានីយទូរទស្សន៍ ជទណ ហើយក្នុងនោះមាន បេក្ខជនចូលរួមប្រឡងជាង៥០០នាក់ និងបាន ប្រឡងជាប់ជុំទី២ហើយ គឺជម្រុះនៅសល់តែបេក្ខជន៧២នាក់ប៉ុណ្ណោះ ហើយ ក៏នឹងត្រូវឡើងប្រឡងជុំទី៣នៅថ្ងៃទី២២-២៣ ខែមិថុនាខាងមុខនេះផងដែរ ។ បន្ថែមជាមួយគ្នានោះដែរ សូនីតា ក៏ជាបេក្ខជនប្រឡងចម្រៀងសម័យក្នុង កម្មវិធី“ផ្កាយរះក្នុងសួន” របស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ និងបាន ប្រឡងជម្រុះជាប់ជុំទី២ ត្រៀមបន្តចូលរួមជុំទីបីផងដែរ ។

លោក ឡុង សេងអួន បានបន្តថា ខ្ញុំពិតជាមានមោទនភាព និង អារម្មណ៍រំភើបណាស់នៅពេលដែលឃើញចៅឡើងច្រៀងនៅតាមកម្មវិធី ផ្សេងៗមានភ្ញៀវជាច្រើនបាននាំគ្នាទះដៃគាំទ្រសរសើរចៅ ។ ចាប់តាំងពី ពេលនោះមក សូនីតា ក៏តែងដើរតាមម្តាយមីងរបស់គេដែលជាកូនស្រីពៅ របស់ខ្ញុំឈ្មោះ ឡុង សុជាតា ច្រៀងតាមវង់តន្ត្រីសម័យក្នុងកម្មវិធីផ្សេងៗ រហូតមក ដែលក្នុងមួយយប់ទទួលបានកម្រៃ១៥ដុល្លារដែរ ។ ប៉ុន្តែមានរាត្រី ខ្លះភ្ញៀវពេញចិត្តគេឱ្យលុយធីបពី១០០ទៅ២០០ដុល្លារក៏មាន ហើយក៏បាន ធ្វើឱ្យជីវភាពគ្រួសាររបស់ខ្ញុំមានភាពប្រសើរឡើងជាងមុនដែរ ។

ចំណែកឯអ្នកស្រី ឡុង សុខអេង ដែលត្រូវជាជីដូន(បងស្រីរបស់លោក ឡុង សេងអួន) បានមានប្រសាសន៍ដែរថា សូនីតា មានបងប្អូនបង្កើតចំនួន ៣នាក់(ប្រុសម្នាក់) ហើយនាងជាកូនពៅ ឯបងស្រីច្បងរបស់នាងមានអាយុ ១៧ឆ្នាំហើយ សព្វថ្ងៃមានរបរជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកបង ប្រុសទី២មានវ័យ១៣ឆ្នាំ ។ ខ្ញុំមិននឹកស្មានថា ចៅស្រីមានទេពកោសល្យ ផ្នែកចម្រៀងសម័យល្អយ៉ាងនេះទេ ព្រោះឪពុកម្តាយរបស់គេគ្មាននរណាម្នាក់ ជាអ្នកសិល្បៈឡើយ ។ នេះប្រហែលជានាងកាត់ទៅរកជីតារបស់គេ ដែល ត្រូវជាប្អូនប្រុសរបស់ខ្ញុំហើយ ។ ជីដូនដែលជាអ្នកមើលថែ សូនីតា តាំងតែ ពីបាតជើងក្រហមរងាលរូបនេះបានបន្តថា តាំងតែពីតូចមកម៉្លេះ ចៅម្នាក់ នេះចូលចិត្តស្តាប់ និងច្រៀងណាស់ សូម្បីចូលបន្ទប់ទឹកក៏ច្រៀងដែរ ។

ញញឹមញញែមអង្គុយពីរនាក់បងប្រុសនៅក្បែរជីតា កុមារី សូនីតា បាននិយាយដោយសម្តីចច្រេះយ៉ាងក្លាហានថា ខ្ញុំចូលចិត្តស្តាប់ និងច្រៀង ណាស់ ។ ហើយតាំងតែពីមិនទាន់ប្រឡងជាប់ម៉្លេះ នៅពេលដែលមីងគាត់ ចេញទៅច្រៀងតាមកម្មវិធីផ្សេងៗនោះ ខ្ញុំតែងរំអុកសុំគាត់ទៅជាមួយដែរ ។ ខ្ញុំបានសច្ចារក្នុងចិត្តហើយថា ទៅថ្ងៃអនាគតខ្ញុំនឹងខំប្រឹងប្រែងឱ្យក្លាយជា អ្នកចម្រៀងល្បីឈ្មោះម្នាក់ឱ្យទាល់តែបាន! ៕

រូបភាព និងអត្ថបទពី៖ dnt-news.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s