Daily Archives: ខែវិច្ឆិកា 22, 2014

តើគួរបង្កលក្ខណៈឲ្យក្មេងជំទង់​សេពគប់មិត្តល្អ​ដូចម្តេចខ្លះ?

ស្តង់ដារ

The Perks Of Dreaming

ការបង្កលក្ខណៈឲ្យក្មេងជំទង់ចេះសាងសម្ព័ន្ធភាពភាពល្អ នឹងមិត្តភក្តិ គឺជារឿងសំខាន់និងមានប្រយោជន៍
បំផុតដូចពុទ្ធភាសិតដែលចែងថា “កុំសេពគប់មនុស្សពាល ត្រូវសេពគប់អ្នកប្រាជ្ញបណ្ឌិត” ព្រោះឥទ្ធិពល
របស់មិត្តល្អ វានឹងអាចការពារឲ្យគេជៀសផុតពីទង្វើដែលប្រកបដោយគ្រោះថ្នាក់បំផ្លិចបំផ្លាញខុសសីលធម៌
ឬខុសច្បាប់ផងដែរ។យើងមានវិធានការខ្លះៗដូចជា៖

1. បង្ហាត់ឲ្យកូនរៀនសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ ដើម្បីសេពគប់មិត្តល្អ ក្មេងក៏ត្រូវចេះធ្វើខ្លួនឲ្យទៅ
ជាមិត្តល្អផងដែរ។ ក្នុងការនេះ លោកអ្នកគ្រាន់តែចេះផ្តល់នូវក្តីស្រលាញ់ ភាពកក់ក្តៅ មានក្ដីមេត្ដាយ៉ាងស្មើ
ចុងស្មើដើម នោះសម្ព័ន្ធភាពនឹងបានប្រសើរថ្លៃថ្លា កូនក៏និងមានមោទនភាពចំពោះខ្លួនឯង មានសុខភាពចិត្ត
ល្អប្រសើរមានភាពឆ្លាតខាងអារម្មណ៍ និងប្រកាន់ខ្ជាប់ចំពោះចរិយាធម៌។

2. សង្កេតតាមដានចំពោះមិត្តភក្តិរបស់កូន ឪពុកម្តាយគួរតែស្គាល់មិត្តភក្តិនានារបស់កូន ហៅគេឲ្យមក
លេងផ្ទះនិយាយលេងជាមួយពួកគេ ហើយបើបានស្គាល់ឪពុកម្តាយរបស់ពួកគេរឹតតែ ប្រសើរទៅទៀតនឹង
បានស្គាល់គ្នាជួយតាមដានទាំងអស់គ្នា ការពារកុំឲ្យពួកគេប្រព្រឹត្តអំពើជ្រុលជ្រួសហួសគន្លងដែលអាចនាំ
ទៅរកគ្រោះវិបត្តិ។ ម្យ៉ាងទៀតលោកអ្នកអាចណែនាំ និងរកបរិយាកាសឲ្យពួកគេមានឱកាសបានរាប់អាន
មិត្តភក្តិល្អថ្មីៗដទៃទៀត  ដែលគេពុំធ្លាប់ស្គាល់។

3. ជំរុញកូនឲ្យចេះគិតនឹងហ៊ានសម្តែងមតិដោយសេរី ដើម្បីឲ្យកូនបានអភិវឌ្ឍភាពជាខ្លួនឯងឲ្យរឹងមាំ និង
បង្កើនសមត្ថភាពក្នុងការជំទាស់ កុំឲ្យសម្ពាធរបស់មិត្តភក្តិអូសទាញបាន ដោយងាយ។

4. ករណីឪពុកម្តាយមិនចូលចិត្តមិត្តភក្ដិរបស់កូន ព្រោះតែរូបរាងខាងក្រៅ ចិត្តគំនិត ឬទង្វើណាមួយរបស់
ពួកគេអ្នកមិនគួររិះគន់ទៅលើមិត្តភក្តិរបស់កូននោះទេ ព្រោះវាប្រៀបដូចជារិះគន់ទៅលើកូនខ្លួនឯងដូច្នោះដែរ​
តែអ្នកត្រូវបង្កទំនាក់ទំនងល្អ  និងព្យាយាមរកឲ្យឃើញថា  តើហេតុអ្វីទើបមិត្តភក្តទាំងនោះសំខាន់ចំពោះកូន
របស់អ្នក?​ ហើយអ្នកគួរពិចារណាបន្ដថា តើក្ដីបារម្ភចំពោះរឿងមិត្តភក្តិរបស់កូននោះ វាពិតជាគួរឲ្យបារម្ភនិង
មានផលប៉ះពាល់អ្វីធំដុំដែរឬទេ? ឬមួយដោយគេគ្រាន់តែខ្លួនចម្លែក ធ្វើអ្វីខុសគេតាមបែបយុវវ័យតែប៉ុណ្ណោះ
ទេ? ប្រសិនបើអ្នកប្រាកដក្នុង​ចិត្តហើយថា វាពិតជាឲ្យហេតុមិនល្អមែននោះ អ្នកគួរនិយាយជាមួយកូនអំពីទង្វើ
អ្វីខុសអ្វីត្រូវ និងអ្វីគួរទទួលអ្វីមិនគួរទទួល? ដោយមិនចាំបាច់ទៅវាយប្រហាររិះគន់ទៅលើមិត្តភក្តិរបស់កូនដោយ
ត្រង់ៗនោះទេ។ ប្រការសំខាន់អ្នកត្រូវបង្ហាញឲ្យកូនឃើញថា តើឪពុកម្ដាយគិតនិងបារម្ភចំពោះកូនដូចម្តេចខ្លះ?
បន្ទាប់ពីនោះធម្មជាតិវានឹងព្យាបាលដោយខ្លួនឯង។

5. ជំរុញឲ្យកូនរៀនគិតដោយឯករាជ្យម្ចាស់ការ និងសម្រេចចិត្តដោយឈលើគោលការណ៍សំខាន់របស់ខ្លួន
មិនមែនសម្រេចតាមចិត្តអ្នកដទៃនោះទេ។​ គួរលើកកម្ពស់ឲ្យកូនគិតបែបវិភាគ ប្រមើលដល់លទ្ធផលដែលនឹង
កើតឡើងនាពេលអនាគតអំពីទង្វើរបស់ខ្លួន និងជាពិសេសគឺ ទង្វើដែលប្រឈមមុខនឹងគ្រោះថ្នាក់នោះឯង។
ម្យ៉ាងទៀតឪពុកម្តាយត្រូវបកស្រាយឲ្យកូនបាន យល់អំពីភាពខុសប្លែកគ្នារវាងរូបភាពនិងការនិយមរបស់វ័យ
ជំទង់ និងអត្តសញ្ញាណផ្ទាល់ខ្លួន ដែលមិនមែនចាំបាច់ទាល់តែធ្វើឲ្យទាន់សម័យតាមការបំពក់បំពុលរបស់ឈ្មួន
សម្ភារនិយម ជាអ្នកបង្កើតឡើង ដើម្បីស្វែងរកចំណេញពីការប្រើប្រា់ស់​ជាប្រចាំនោះទេ។

6. បង្រៀនកូនឲ្យចេះថ្លឹងថ្លែង ទោះបីជាកូនត្រូវប្រឈមមុខជាមួយសម្ពាធ ឬឥទ្ធិពលពីក្រុមមិត្តភក្តិយ៉ាងណា
ឪពុកម្ដាយគួរជួយឲ្យគេចេះថ្លឹងថ្លែងនូវអ្វីជាខ្លួនឯង? អ្វីទៅដែលជាអ្នកដទៃ? ដោយមិនចាំបាច់ទាល់តែធ្វើអ្វីឲ្យ
ដូចអ្នកដទៃទាំងស្រុងនោះទេ។  ប្រការនេះឪពុកម្ដាយត្រូវ ពន្យល់កូនឲ្យហាត់សម្រេចធ្វើអ្វីៗដោយឈរលើ
គោលការណ៍ឯករាជ្យរឬម្ចាស់ការ។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវធ្វើឲ្យកូនដឹងថា គេគឺជាមនុស្សជាទីស្រឡាញ់របស់
ឪពុកម្តាយ និងជាបុគ្គលមានតម្លៃម្នាក់នៅក្នុងផ្ទះជានិច្ច។

7. ឲ្យកូនរៀនទទួលស្គាល់និងកែប្រែកំហុស ចូរអ្នកចងចាំទុកថា យើងគ្រប់គ្នាអាចស្វែងរកមេរៀនដ៏មានតម្លៃ
ពីកំហុសឆ្គងបាន។ បើកូនធ្វើខុស យើងត្រូវជួយគេឲ្យចេះភ្ញាក់រឭក និងដឹងថាមិន ត្រូវធ្វើខុសតទៅទៀត​ ពុំមែន
ឆ្ងាញ់នឹងការដាក់ទោស ឬសំលៀងបបួរមាត់ជេរស្ដីត្មះតិះដៀល នោះទេ។

សៀវភៅ “ចិត្តវិទ្យាវ័យជំទង់